ផ្ការាក់
ផ្ការាក់
បើយើងក្រឡេកមើលបច្ចុប្បន្នកាល ប្រជាជនយើងភាគច្រើនមិនសូវស្គាល់ផ្ការាក់ និងរបៀបប្រើប្រាស់របស់វាឡើយ
ព្រោះប្រជាជនខ្មែរយើងនិយមប្រើប្រាស់ផ្កាម្លិះមកធ្វើជាគ្រឿងតុបតែង និង គ្រឿងដង្វាយ ហើយក៏ងាយស្រួលស្វែងរកតាមទីផ្សារផងដែរ។
ប៉ុន្តែកាលជំនាន់មុន ចាស់ៗច្រើនប្រើប្រាស់ផ្ការាក់ ឬហៅថាផ្កាស្នេហ៍
(ជាពិសេសក្មេងជំនាន់ហ្លួងស៊ីសុវត្ថិ) ដែលប្រជាជនខ្មែរក្នុងសម័យនោះនិយមប្រើក្នុងការតុបតែងជាគ្រឿងសក្ការៈបូជាមានបាយសី
ចាក់ជារំយោលជរសំយុងសម្រាប់អ្នករបាំ ក្រងជាភួងមាលា ចាក់ជាគោមរយ៉ា
(ក្រោយមកគេនិយមប្រើជាគោមរយ៉ាកម្រងកែវ) ឬរយ៉ាមាល័យសម្រាប់លម្អតាមបង្អួច ទ្វារ
និងនៅក្នុងប្រាសាទ ព្រមទាំងមានតុបតែងជាក្បាច់ផ្សេងៗ។
ដោយសារតែផ្ការាក់ងាយស្រួលរក និងមិនចាំបាច់ចំណាយប្រាក់ទិញ ទើបពេលបុណ្យសពដែលជាពេលអាសន្ន
ប្រជាជនបានយកផ្ការាក់មកតុបតែងលើមឈូសសព ជាហេតុធ្វើអោយអ្នកចូលរួម និងក្មេងៗគិតថា
ផ្កានេះជាផ្កាខ្មោច សម្រាប់តុបតែងក្នុងបុណ្យសព។
ផ្ការាក់មានដុះច្រើនតាមកន្លែងក្មេងចូលចិត្តលេង ចាស់ៗក៏បានយកដើមរុក្ខជាតិនេះបន្លាចក្មេងៗតែម្តង
ព្រោះតែបារម្ភពីសុវត្ថិភាព មិនចង់អោយក្មេងៗដើរលេងពេលយប់។ លុះដល់ក្មេងធំឡើង
ក៏និយាយតៗគ្នាថា ផ្កាខ្មោច។
ដូចនេះតាមអត្តន័យនៃវចនានុក្រមខ្មែរ
និងការបកស្រាយខាងលើ ផ្ការាក់ត្រូវបានគេប្រើប្រាស់ធ្វើជាភួង ដែលក្នុងជំនឿខ្មែរ
ការថ្វាយភួងមាលាចំពោះព្រះ និងការជូនភួងមាលា ជាតំណាងអោយការប្រសិទ្ធិពរជ៏យ
មង្គលសិរីសួស្តី ហើយក៏ត្រូវបានប្រើសម្រាប់ទទួលឋានន្តរដែលជាពិធីមង្គល
ជាពិធីកិត្តិយសខ្ពង់ខ្ពស់មួយនៅក្នុងសង្គមខ្មែរ ពុំមែនប្រើសម្រាប់តែតុបតែងមឈូសសព
ដូចដែលគេយល់ច្រឡំនោះឡើយ។
ដកស្រង់ចេញពី: ភួងមាលា បាយសីខ្មែរ



